បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២

ព័ត៌មាន

Sharing is caring!

[រាជធានីភ្នំពេញ, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១] – ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាពិតជាមានមោទកភាពដែល កញ្ញា ឈុត​ ចិន្តា ជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate ) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែលការប្រកួតប្រជែងនេះមានការរៀបចំដោយក្រសួងការបរទេស ​និងសហ​ប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា “MFAIC”)។ កញ្ញាចិន្តាគឺជាបុគ្គលិកមួយរូប ក្នុងចំណោមបុគ្គលិកដែលបាន​ចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។

សម្រាប់​ជ័យ​លាភីនេះ កញ្ញាចិន្តា​បាន​ទទួលនូវ​រង្វាន់​​ជា​សាច់​ប្រាក់ចំនួន​១ពាន់ដុល្លារ​សហរដ្ឋអាមេរិក ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”)។ ដើម្បីទទួលស្គាល់ពីការខិតខំ​ប្រឹងប្រែង​និងស្នាដៃរបស់គាត់ ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ បានសម្រេចផ្តល់ប្រាក់រង្វាន់​បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ អ្នកដែលបានចូលរួម​ចំនួនបីរូប​ផ្សេងទៀត ​ក៏​បាន​ទទួល​បាន​រង្វាន់​ជាការកោតសរសើរលើកទឹកចិត្ត​ផងដែរ។ ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  (“MFAIC”)​​ បានប្រកាស​ជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលានេះ​ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូប​នៃការកាន់​តំណែងជា​ប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ។

អាស៊ាន ដែលមានឈ្មោះជាផ្លូវការហៅថា ​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​ (ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏លេចធ្លោ ដែល​ផ្តល់នូវអត្ថប្រយោជន៍​ជូនដល់​ប្រទេស​ដែលជា​សមាជិកទាំងឡាយ។ កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ​ក្រោយនេះ នឹងបង្ហាញពីចំណុចសំខាន់មួយក្នុងការស្តារឡើងវិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាត ខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ និងមានការចូលរួម​ពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។ និមិត្តសញ្ញនេះនឹង​ក្លាយ​ជារូបភាព​តំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយក៏នឹងក្លាយជាកេរ្តិ៍ដំណែលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។

ការ​រចនា​និមិត្តសញ្ញា​ដែលបាន​ទទួល​​ជ័យ​លាភី​នេះបង្ហាញ​ពី «ផ្កា​ឈូក​ចំនួន១០ស្រទាប់ដែល​ហ៊ុមព័ទ្ធទៅ​ដោយ​រង្វង់​ពណ៌​មាសដែល​មាន​និមិត្តសញ្ញា​អាស៊ាន​នៅ​ចំ​កណ្តាល​»។​ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺ​តំណាង​ឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជាសមាជិកអាស៊ានទាំង១០ ​ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នា ក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បី​ភាព​រុងរឿង​ និងភាពសុខដុមរមនា។ ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង១០គឺ​ជា​ដកស្រង់ចេញពីពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រធានហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នា​ឆ្នាំ២០២២ផងដែរ។

សិ្ថតក្នុងវ័យ ២៩ ឆ្នាំ​ កញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(Prince Real Estate ) តាំងពីដើមឆ្នាំ​២០២០ បានឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេង ហើយ​ក្រោយ​​មកក៏មាន​ការ​ជម្រុញឲ្យចូលរួមប្រកួតប្រជែងជាមួយមិត្តរួមការងារ ទើបក៏ដាក់ពាក្យចូលរួម។ ពេលនោះគាត់ពិតជាមាន​ការភ្ញាក់ផ្អើល​ជាខ្លាំងដោយនិមិត្តសញ្ញារបស់គាត់ទទួលបានជ័យជម្នះ ប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញា​នេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ានទាំង១០នឹងបន្តធ្វើការរួមគ្នាដើម្បីជម្នះបញ្ហាប្រឈម ដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះ ហើយអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនព្រីនស៍គ្រុប យើងតែងតែរីករាយនៅពេលដែលឃើញបុគ្គលិករបស់យើងបានចូលរួមក្នុងការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ហើយការរួម​ចំណែក​របស់កញ្ញាចិន្តាគឺជាគំរូដ៏ល្អ សម្រាប់ផ្នត់គំនិតក្នុងនាមជាបុគ្គលិក ដែលអាចស្វះស្វែងរកភាពរកពានរង្វាន់សម្រាប់ស្ថាប័នខ្លួនបាន» លោកក៏បានបន្តទៀតថា៖ «ពួកយើងសង្ឃឹមយ៉ាងមុតមាំថានិមិត្តសញ្ញាដែលទទួលបានជ័យលាភីនេះ នឹងក្លាយជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក យើងនឹងបន្តទៀតជួយគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ»

 

គួរបញ្ញាក់ផងដែរថា ការ​ធ្វើជា​ប្រធាន​អាស៊ាននេះ​ត្រូវ​បានផ្លាស់ប្តូរគ្នាជា​រៀងរាល់ឆ្នាំ​ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​​របស់​ប្រទេស​ដែល​ជាសមាជិក​អាស៊ាននីមួយៗ។ កម្ពុជា​បាន​ចូល​រួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែ​មេសាឆ្នាំ​១៩៩៩ ហើយ​កម្ពុជាបានធ្វើជាប្រធាន​អាស៊ាន​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២។

 

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ​ប៉ុន្តែកាល​ពីពេល​ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាន​បរិច្ចាគ​ថវិការ​ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលប្រទេសឡាវ ដើម្បីឆ្លើយតបនឹងការអំពាវនាវ​របស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់ដោយសហគ្រាសអាស៊ី (Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១ (“AREA”)ផងដែរ។ នេះជាពានរង្វាន់ទីប្រាំមួយហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ទទួលបាននៅក្នុងឆ្នាំនេះ ដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់ និងអន្តរជាតិបានទទួលស្គាល់ថា       សម្ព័ន្ធនេះពិតជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងទូទាំងតំបន់អាស៊ានពិតប្រាកដមែន។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល​ដ៏ធំមួយ​នៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ  វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចល​នទ្រព្យ ​សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Bel​t Road Capital Management ព្រមទាំងក្រុមហ៊ុន​ Awesome Global Investment Group ​។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មច្រើនជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែល​កំពុង​ប្រតិបត្តិការ​លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង    ដើរ​តួ​នាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

 

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក​នៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួល​ដោយគ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះ​សីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែក​ដល់ការ​ស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញាចាន់ សុម៉ាល្លីស
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ​៦៩​៥៣៣​ ​៣៣២
អ៊ីម៉ែល៖somalis@twowaypr.com

Leave a Reply

Your email address will not be published. Required fields are marked *